ទឹកគ្រឿង
ទឹកគ្រឿង
១. ទឹកគ្រឿងខ្មែរយើងគឺសឿងអនេក រសឆ្ងាញ់ចម្លែកលើសម្ហូបនានា
បើបានភ្លក់ហើយគឺថាច្បាស់ជា នឹកគ្រប់វេលាជាក់ជាមិនខាន។

២. ឈ្មោះថាទឹកគ្រឿងឬទឹកជ្រលក់ ផ្សំគ្រប់ហើយភ្លក់គឺឆ្ងាញ់ហួសស្មាន
ត្រូវនឹងបាយក្ដៅហូបអស់បីចាន ជាម្ហូបចំណានបុរាណបានចារ។

៣. ម្ហូបនេះផ្សំឡើងពីសាច់ត្រីសាប អាំងឆ្អិនមិនឆ្អាបឬស្ងោរដែរណា
ជ្រំទឹកប្រហុកថែមគ្រឿងចាត់ការ រសឆ្ងាញ់ពិសាក្រៃពេកកន្លង។

៤. ទឹកគ្រឿងខ្មែរយើងឆ្ងាញ់សឿងពេកក្រៃ ថែមផ្អកត្រីប្រៃពិតជាច្បាស់ច្បង
វាតវង់ទល់មុខយាយតាប្អូនបង ហូបហើយឆ្លើយឆ្លងសងពាក្យសម្ដី។

៥. ទឹកគ្រឿងខ្មែរយើងគឺឆ្ងាញ់អស្ចារ្យ តាមវាយប្រហារអន្លក់ខ្ចីៗ
ត្រួយរាំងត្រួយលៀបទើបលាស់ថ្មីៗ ផ្កាស្នោល្បោយល្បីប្រុសស្រីពេញចិត្ត។

៦. ទឹកគ្រឿងចិត្តសឿងផ្ដួលជីគ្រប់មុខ អង្អែលវាយលុកជាប់យ៉ាងកៀកកិត
ព្រលិតត្រសក់គួរឱ្យស្នេហ៍ស្និទ្ធ ត្រកួនផ្ដេកផ្ដិតត្រៀមត្រកងបី។

៧. ទឹកគ្រឿងម្ហូបសឿងជារបស់ខ្មែរ ត្រូវនាំគ្នាថែក្មេងចាស់ប្រុសស្រី
ទឹកគ្រឿងខ្មែរយើងរុងរឿងល្បាញល្បី មានប្រជាប្រិយតាំងពីបុរាណ។

៨. ក្មេងចាស់ប្រុសស្រីជាជនជាតិខ្មែរ គ្រប់គ្នាត្រូវថែរក្សាឱ្យបាន
ប្រពៃណីជាតិថ្លៃថ្លាថ្កើងថ្កាន រស់នៅសុខសាន្តជាតិយើងបវរ។

៩. កុំភ្លេចទឹកគ្រឿងម្ហូបសឿងពិសេស គ្រប់គ្នាត្រូវចេះនិងផ្សាយបន្ត
រួមអភិរក្សរាប់រយតំណ ម្ហូបនេះកម្រក្រណាស់ក្នុងលោក៕

Labels:
កំណាព្យ
No comments:
Post a Comment